យករថយន្តស៊េរីទំនើប២គ្រឿង ទៅចតចោលក្រោមខ្សែភ្លើង……….នៅសល់តែគ្រោង!

0
9

ព្រះសីហនុ៖ បង្គោលភ្លើង១កន្លែង ត្រូវបានឆ្លងចរន្តអគ្គិសនី ធ្វើឱ្យកើតជាអណ្តាតភ្លើងឆាបឆេះខ្សែភ្លើង និងធ្វើឱ្យខ្សែកាប និងខ្សែភ្លើងដែលកំពុងឆេះ ធ្លាក់មកចំរថយន្តទំនើបចំនួន២គ្រឿង ដែលកំពុងចតនៅខាងក្រោមនោះ បណ្តាលឱ្យឆាបឆេះរថយន្តទាំង២គ្រឿងហ្មត់ សល់តែគ្រោងឆ្អឹងដែកប៉ុណ្ណោះ។

ហេតុការណ៍គ្រោះអគ្គិភ័យខាងលើនេះ បានកើតឡើង កាលពីវេលាម៉ោង៥និង៥០នាទីទៀបភ្លឺ ថ្ងៃទី០១ ខែឧសភា ឆ្នាំ២០១៩ នៅចំណុចបង្គោលភ្លើង១កន្លែង មានទីតាំងនៅកែងផ្ទះពស់ ជិតព្រះរាជដំណាក់ ស្ថិតក្នុងភូមិ៣ សង្កាត់លេខ៣ ក្រុងព្រះសីហនុ។

អគ្គីភ័យខាងលើនេះ បានបណ្តាលឱ្យប្រព័ន្ធអគ្គីសនីនៅចំណុចនោះត្រូវកាត់ផ្តាច់ និងមានរថយន្តទំនើបចំនួន២គ្រឿង ដែលចតនៅខាងក្រោមនោះ បានឆេះខូចខាតទាំងស្រុង។

លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគបាលខេត្តព្រះសីហនុ បានបញ្ជាក់ប្រាប់ថា កាលពីវេលាម៉ោង៥និង៥០នាទីព្រឹក នៅចំណុចកែងផ្ទះពស់ ជិតព្រះរាជដំណាក់ មានករណីឆ្លងចរន្តអគ្គិសនីនៅបង្គោលភ្លើង ហើយបណ្តាលឱ្យឆេះខ្សែភ្លើង និងខ្សែកាប រួចធ្លាក់ខ្សែភ្លើង-ខ្សែកាបដែលកំពុងឆេះចំរថយន្តចំនួន២គ្រឿង ម៉ាក Starex H1 ឆេះខូចខាតទាំងស្រុង និងបង្កឱ្យឆេះខូចខាតប្រអប់ភ្លើងលើបង្គោលភ្លើង ១ប្រអប់។

លោកស្នងការបានបញ្ជាក់ថា ករណីអគ្គិភ័យខាងលើនេះ មានរថយន្តពន្លត់អគ្គិភ័យរបស់ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ចំនួន២គ្រឿង បានចេញជួយអន្តរាគមន៍ភ្លាមៗ និងបានបាញ់ទឹកពន្លត់ មិនឱ្យឆេះរាលដាលបន្តទៀតឡើយ និងបានប្រើប្រាស់ទឹក សរុបអស់ចំនួន២រថយន្ត។

បច្ចុប្បន្ននេះ អង្គភាពអគ្គីសនីខេត្តព្រះសីហនុ បានប្រកាសផ្អាកការផ្គត់ផ្គង់ចរន្តអគ្គីសនីជាបណ្តោះអាសន្ននៅបន្ទប់ភ្លើង PMT333 និង Sx35 ដើម្បីឱ្យក្រុមការងារពន្លត់អគ្គីភ័យ ធ្វើការពន្លត់ភ្លើងដែលឆេះខ្សែកាបអ៊ីនធឺណេត រាលដាលដល់ខ្សែបណ្តាញតង់ស្យុងទាប (LV) បណ្តាលឱ្យដាច់ចរន្តអគ្គីសនី នៅទីតាំងមួយចំនួនស្ថិតនៅភូមិ៣ សង្កាត់លេខ៣ ក្រុងព្រះសីហនុ។ ចរន្តអគ្គីសនីដែលបានកាត់ផ្តាច់នេះ នឹងដំណើរការវិញ ក្រោយអ្នកបច្ចេកទេសជួសជុលរួច៕