ខឹងប្រពន្ធរំខានចូលខារ៉ាអូខេឱបស្រីមិនបានសុខសាន្ត តូចចិត្តចងកសម្លាប់ខ្លួនស្លាប់ចោលប្រពន្ធកូន

0
6

បន្ទាយមានជ័យ៖ បុរសម្នាក់បានចេញទៅចូលរួមពិធីមង្គការគេ រួចក៏បង្ហួសចូលខារ៉ាអូខេច្រៀងលេង ស្តាប់ភ្លេងកើយភ្លៅ  លុះប្រពន្ធដឹង ក៏ទូរស័ព្ទទៅប្តីជាច្រើនលើក ហៅឱ្យត្រឡប់មកផ្ទះវិញ ធ្វើឱ្យបុរសជាប្តីដែលកំពុងស្រវឹងស្រា ក៏ផ្ទុះកំហឹងជិះម៉ូតូត្រឡប់មកផ្ទះវិញ ទាំងមួហ្មង ទោះជាប្រពន្ធបើកទ្វារហៅឱ្យចូលផ្ទះ ក៏មិនព្រមចូល បែរជាដើរទៅចងកសម្លាប់ខ្លួននៅកៀនផ្ទះ បង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៦ព្រឹក ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៩ នៅចំណុចភូមិផ្សារកណ្តាល សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត។

បុសគិតខ្លី ដែលចងកសម្លាប់ខ្លួន មានឈ្មោះលៀប សុផល អាយុ៣៩ឆ្នាំ មុខរបរបុគ្គលិកក្រុមហ៊ុនពលករ មានប្រពន្ធឈ្មោះខុម ចាន់ទី អាយុ៣៤ឆ្នាំ។ ប្តីប្រពន្ធអ្នកទាំងពីរ មានលំនៅក្នុងភូមិឃុំកើតហេតុខាងលើ។

តាមសម្តីរបស់ស្ត្រីជាប្រពន្ធជនរងគ្រោះ បានរៀបរាប់ប្រាប់ថា នៅមុនពេលកើតហេតុ កាលពីក្បាលព្រលប់ ថ្ងៃទី២៨ ខែមេសា ឆ្នាំ ២០១៩ ប្តីរបស់នាង(ជនរងគ្រោះ) បានទៅហូបការគេជាមួយមិត្តភក្ត្តិ លុះចេញពីរោងការ ក៏ត្រូវដងត្រូវផ្លែគ្នាបង្ហួសចូលខារ៉ាអូខេច្រៀង លេងឱបស្រីទៀត ដោយមិនគិតខ្វល់ពីប្រពន្ធកូននៅផ្ទះសោះ។ លុះនាងដឹងថា ប្តីចេញពីហូបការគេហើយ តែកំពុងចូលច្រៀងខារ៉ាអូខេដល់យប់ជ្រៅទៅហើយ នៅតែមិនព្រមត្រឡប់មកផ្ទះវិញ ទើបនាងបានចុចទូរស័ព្ទទៅហៅប្តីចំនួន២ដង។ ចំណែកប្តីចេះតែឆ្លើយថា ទៅឥឡូវហើយៗ តែមិនឃើញមកសោះ។ស្ត្រីជាប្រពន្ធជនរងគ្រោះ បន្តថា រហូតមកដល់វេលាម៉ោង១២រំលងអធ្រាត្រ ឈានចូលថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៩ ទើបលេច មុខប្តីរបស់នាងជិះម៉ូតូត្រឡប់មកដល់ផ្ទះវិញ ពេលនោះ នាងក៏ចេញទៅបើកទ្វារហៅប្តីឱ្យចូលផ្ទះដែរ តែប្តីដូចជាមួម៉ៅនឹងរឿងអ្វីមិនដឹង​ មិនឆ្លើយតប ហើយក៏មិនព្រមចូលផ្ទះដែរ សុខចិត្តដេកសញ្ជប់សញ្ជឹង នៅលើគ្រែមុខផ្ទះ។ ចំណែកនាងដោយសារតែងងុយដេកពេក ណាមួយខ្ជិលអង្វរប្តី ក៏ត្រឡប់ចូលផ្ទះដេកវិញទៅ និងមិនដឹងថា ប្តីចូលផ្ទះដេកម៉ោងប៉ុន្មានទេ។

ស្ត្រីជាប្រពន្ធរូបនេះ បានបញ្ជាក់ថា ស្រាប់តែមកដល់វេលាម៉ោង៦ព្រឹក ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៩ ខណៈដែលនាងភ្ញាក់ពីដំណេក ក៏បាត់មិនឃើញប្តីដេកក្បែរសោះ ទើបនឹកស្មានថា ប្តីដេកនៅក្រៅផ្ទះ ក៏ចេញមកក្រៅផ្ទះរកមើល ប្តីបែរជាបាត់ប្តីមិនដេកនៅលើគ្រែទៀត ទើបធ្វើឱ្យនាងនឹកឆ្ងល់ ដើរតាមរកប្តីជុំវិញផ្ទះ ក៏ស្រាប់តែប្រទះឃើញប្តីចងកនៅខ្ទមជាប់ជញ្ជាំងផ្ទះខាងកើត ដោយយកក្រណាត់ស្រោម ពូកចងនឹងឈើដំបូលរោង កម្ពស់១,៦៨ម៉ែត្រ អង្កុញជើងស្លាប់បាត់ទៅហើយ ធ្វើឱ្យកើតមានការផ្អើលឆោឡោ ផ្អើលដល់អ្នកជិតខាង ស្ទុះមកជួយ ស្រាយចំណងដាក់ចុះក្រោម រួចដឹកទៅមន្ទីរពេទ្យដីថ្មី ដើម្បីឱ្យគ្រូពេទ្យជួយសង្គ្រោះដែរ តែអកុសល ពេលគ្រូពេទ្យពិនិត្យរួច ក៏ប្រាប់ថា ប្តីរបស់នាងបានដាច់ខ្យល់ស្លាប់បាត់ទៅហើយ ទើបដឹកសពត្រឡប់មកផ្ទះវិញ រួចរាយការណ៍ប្រាប់សមត្ថកិច្ច ដើម្បីឱ្យជួយអន្តរាគមន៍។ក្រោយកើតហេតុ សមត្ថកិច្ចជំនាញបានចុះមកពិនិត្យ និងធ្វើកោសល្យវិច័យសព រួចបញ្ជាក់ថា ជនរងគ្រោះពិតជាស្លាប់ដោយសារចងកប្រាកដមែន។សាកសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចប្រគល់ទៅឱ្យក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕