ទីតាំងម៉ាស្សា បង្កប់សេវាផ្លូវភេទយីហោ «កោសជប់ម៉ាស្សា១ម៉ឺនរៀល» ត្រូវសមត្ថកិច្ចចុះបង្ក្រាប ឃាត់ខ្លួនចំនួន៣នាក់

0
8

ភ្នំពេញ៖  កម្លាំងការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន សហការជាមួយសមត្ថកិច្ចខណ្ឌដង្កោ ចុះប្រតិបត្តិការបង្ក្រាបទីតាំងម៉ាស្សាមានបង្កប់សេវាផ្លូវភេទ បម្រើដោយអនីតិជន យីហោ «កោសជប់ម៉ាស្សា១ម៉ឺនរៀល» ឃាត់ខ្លួនមនុស្សចំនួន៣នាក់ ក្នុងនោះស្ត្រីម្ចាស់ទីតាំងម្នាក់ នារីរងគ្រោះចំនួន២នាក់ កាលពីវេលាម៉ោង៩និង ១៥នាទីយប់ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៩នៅផ្ទះលេខ៥៨៨ ផ្លូវ៣៧១ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។

ម្ចាស់ទីតាំងខាងលើមានឈ្មោះ ជីង ថា ហៅអូន ភេទស្រី អាយុ៣៥ឆ្នាំ ស្នាក់នៅកន្លែងកើតហេតុ។សមត្ថកិច្ច បានឲ្យដឹងថា ទីតាំងម៉ាស្សាកោសជប់ ខាងលើ បានចាប់ផ្ដើមបើកបម្រើសេវា ចាប់ពីម៉ោង៧យប់រហូតដល់យប់ជ្រៅរំលងអាធ្រាត្រ ដោយមាននារីក្មេងៗចំនួន២នាក់ រងចាំភ្ញៀវ មកម៉ាស្សាធម្មតាតម្លៃ១ម៉ឺនរៀល រយ:ពេល១ម៉ោង និងរួមភេទ តម្លៃចាប់ពី ២៥ដុល្លារ ទៅ៣០ដុល្លារ ក្នុងមួយដង។

វត្ថុតាងដកហូតរួមមាន៖
– ស្រោមអនាម័យប្រើរួច និងមិនទាន់ប្រើប្រាស់មួយចំនួន
– លុយដុល្លារក្លែងក្លាយមួយចំនួន.

ក្រោយឃាត់ខ្លួន ម្ចាស់ទីតាំង និងនារីក្មេងៗចំនួន២នាក់ ត្រូវបាននាំយកមកការិយាល័យ ប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន ដើម្បីបន្តការសាកសួរ។បច្ចុប្បន្នម្ចាស់ទីតាំង ត្រូវបាននគរបាលឃុំខ្លួនបណ្ដោះអាសន្ន ដើម្បីកសាងសំណុំរឿង បញ្ជូនខ្លួនទៅតុលាការ ចាត់ការតាមនីតិវិធី។ ចំណែកនារីរងគ្រោះទាំង២នាក់នោះ ត្រូវបាន នគរបាលប្រគល់ជូនមន្ទីរសង្គមកិច្ច រាជធានីភ្នំពេញ៕