ឃើញបក្សពួកឆក់ខ្សែក មិនបានសម្រេចដួលម៉ូតូ ខំប្រឹងរត់​ទៅជួយលើកម៉ូតូ ក៏ត្រូវ​ពលរដ្ឋនាំគ្នា​ចាប់ជាប់ ចំណែកឯបក្សពួករត់បាត់ស្រមោល

0
5

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​ម្នាក់​ក្នុង​ចំណោម​៣​នាក់​ត្រូវ​បាន​ប្រជាពលរដ្ឋ​ចាប់​ប្រគល់​ឲ្យ​សមត្ថកិច្ច បន្ទាប់​ពី​ជនសង្ស័យ​ម្នាក់​នេះ​រត់​មក​ជួយ​លើក​ម៉ូតូ​របស់​បក្ខពួក​ដែល​ធ្វើ​សកម្មភាព​ឆក់​ខ្សែ​ក​មិន​បាន​សម្រេច បណ្តាល​ឲ្យ​ដួល​ម៉ូតូ បង្ក​ឲ្យ​មាន​ការណ៍​ភ្ញាក់ផ្អើល​ឡើង​កាលពី​វេលា​ម៉ោង​១​និង​២០​នាទី​រសៀល​ថ្ងៃ​ទី​៥ ខែឧសភា ឆ្នាំ​២០១៩ ត្រង់​ចំណុច​ខាងកើត​សាលា​អន្តរជាតិ​មួយ​កន្លែង​មាន​ចម្ងាយ​ប្រមាណ​៥០០​ម៉ែត្រ តាម​បណ្ដោយ​ផ្លូវ​៥៦៦​កែង​នឹង​ផ្លូវ​៣១៣ ស្ថិត​ក្នុង​សង្កាត់​បឹង​កក់​ទី​១ ខណ្ឌទួលគោក​។ជនសង្ស័យ​ម្នាក់​ខាងលើ​ឈ្មោះ ដែន ប៊ុ​ន​ថន ភេទ​ប្រុស អាយុ​២០​ឆ្នាំ មុខរបរ​និង​កន្លែងស្នាក់​នៅ​មិន​ពិត
ប្រាកដ​។ ចំណែកឯ​ជន​រង​គ្រោះ​ឈ្មោះ សោម សំភា​សបុ​ផា ភេទ​ស្រី អាយុ​៣៤​ឆ្នាំ ជា​បុគ្គលិក​ក្រុមហ៊ុន ស្នាក់​នៅ​ក្នុង​បុរី​ពិភព​ថ្មី​ក្បែរ​ផ្សារ​ទំនើប​អ៊ី​អន​ទី​២ ស្ថិត​ក្នុង​សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ​។តាម​ប្រភព​ព័ត៌មាន​ពី​ជន​រង​គ្រោះ​បាន​រៀបរាប់​ប្រាប់​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ គាត់​បាន​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ហុងដា​ស្គូ​ភី ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ ១BV-៨៣៨៨ មាន​ឌុ​ប​ប្អូនស្រី​ម្នាក់​ទៀត ទើបតែ​ជិះ​ចេញ​មក​ពី​ទិញ​អីវ៉ាន់​នៅ​ផ្សារ​ថ្មី គោលបំណង​ត្រឡប់​ទៅ​ផ្ទះ​វិញ ដោយ​ធ្វើ​ដំណើរ​តាម​បណ្ដោយ​ផ្លូវ​៥៦៦ ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច​។ លុះ​មក​ដល់​ចំណុច​កើតហេតុ ក៏​ស្រាប់តែ​លេខ​មុខ​ជនសង្ស័យ​ម្នាក់​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម ស៊េរី​ឆ្នាំ​២០១៨ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ តាកែវ ១P-៨៤៤១ ដោយ​ជិះ​មក​ពីក្រោយ រួច​ក៏​បាន​ធ្វើ​សកម្មភាព​ឆក់​ខ្សែ​ក​ផ្លា​ក​ទី​ន​មួយ​ខ្សែ ទម្ងន់​១​តម្លឹង​២​ជី ពី​ជន​រង​គ្រោះ​ខាងលើ តែ​មិន​បាន​សម្រេច​។ ខណៈ​ពេល​នោះ​ជនសង្ស័យ​ក៏​បាន​លើកជើង​ធាក់​ម៉ូតូ​របស់​ជន​រង​គ្រោះ​ឱ្យ​ដួល ដើម្បី​ជិះ​រត់គេច​ខ្លួន តែ​ជា​អ​កុ​លស​បែរជា​បណ្តាល​ឲ្យ​ដួល​ទាំង​ម៉ូតូ​ជនសង្ស័យ និង​ម៉ូតូ​ជន​រង​គ្រោះ​ទាំង​ពីរ​គ្រឿង​តែ​ម្តង​។

តាម​ប្រភព​ដដែល​បន្ត​ថា បន្ទាប់​មក​ក៏​ស្រាប់តែ​លេចមុខ​ជនសង្ស័យ​ខាងលើ​រួម​ទាំង​បក្ខពួក​ម្នាក់​ទៀត​ជិះ​ម៉ូតូ​មួយ​គ្រឿង​មិន​ចាំ​ម៉ា​កមក​ពីក្រោយ រួច​ជនសង្ស័យ​ខាងលើ​ដែល​ជា​បក្ខពួក​ក៏​លោត​ចុះ​ទៅ​លើក​ម៉ូតូ​របស់​ជនសង្ស័យ​ជា​អ្នក​ធ្វើ​សកម្មភាព​ឆក់ ដែល​ដួល​ខាងលើ​បំរុង​នាំ​គ្នា​ជិះ​ម៉ូតូ​គេចខ្លួន​។ ខណៈនោះ​ជន​រង​គ្រោះ​ក៏​ស្រែក​ឆោឡោ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្បែរ​កន្លែង​កើតហេតុ​នាំ​គ្នា​ចេញ​មក​ជួយ​អន្តរាគមន៍ និង​ចាប់​បាន​ជនសង្ស័យ​ម្នាក់​ខាងលើ​ដែល​ជា​បក្សពួក ហើយ​ប្រជាពលរដ្ឋ​បាន​ស្វាគមន៍​ម្នាក់​មួយ​ដៃ​ម្នាក់​មួយ​ជើង​បណ្តាល​ឲ្យ​រង​របួស​ទ្រោម​ខ្លួន​។ភ្លាម​ៗ​នោះ​ជនសង្ស័យ​ដែល​ជា​អ្នក​ធ្វើ​សកម្មភាព​ឆក់​ខ្សែ​.​ក​ខាងលើ​ក៏​បាន​ស្រ​វេ​ស្រវា​ងើប​រត់​ចោល​ម៉ូតូ​របស់​ខ្លួន​ដែល​ដួល ទៅ​លោត​ឡើង​ម៉ូតូ​របស់​​បក្ខពួក​ខ្លួន​ម្នាក់​ទៀត​នាំ​គ្នា​ជិះ​គេចខ្លួន​បាត់​ដោយ​សុវត្ថិភាព បន្សល់​ទុក​ម៉ូតូ​មួយ​គ្រឿង និង​ជនសង្ស័យ​ម្នាក់​ខាងលើ ក៏​ត្រូវ​បាន​ប្រជាពលរដ្ឋ​ចាប់​ប្រគល់​ទៅ​ឲ្យ​សមត្ថកិច្ច​មូលដ្ឋាន​នាំ​យក​ទៅ​ធ្វើការ​សួរនាំ​។

ក្រោយ​ពេល​កើតហេតុ ជនសង្ស័យ​ម្នាក់​ខាងលើ​រួម​ជាមួយ​វត្ថុ​តាង​ត្រូវ​បាន​សមត្ថកិច្ច​នាំ​យក​ទៅ​សាកសួរ​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​បឹង​កក់​ទី​១ និង​កសាង​សំណុំរឿង​បញ្ជូន​ខ្លួន​ទៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌទួលគោក​ដើម្បី​រង់ចាំ​ធ្វើការ​ចាត់ការ​ទៅ​តាម​នីតិវិធី ៕