ការងារច្រើនតែមានបញ្ហាដោយសារមេដឹកនាំមិនព្រមកែចំណុច៣នេះ

28

រឿងបរាជ័យក្នុងជីវិតមានច្រើនណាស់ ដែលយើងគួរតែកត់ចំណាំវាទុក។ កុំគ្រាន់តែអាន ត្រូវកត់ទុក ហើយត្រូវបែងចែកថា ការបរាជ័យក្នុងការចាប់ផ្តើមអាជីវកម្មមានអ្វីខ្លះ? បរាជ័យក្នុងការគ្រប់គ្រងមានអ្វីខ្លះ? ​បរាជ័យក្នុងការរស់នៅមានអ្វីខ្លះ?

ការងារមួយបរាជ័យមិនមែន យើងអាចថាមកពី​បុគ្គលិក តែសំខាន់ជាងគេ គឺមកពីថ្នាក់ដឹកនាំនេះតែម្តង។ ហើយកត្តាដែលនាំឱ្យបរាជ័យ អាជីវកម្មបិទទ្វារ អនាគតមិនដល់គោលដៅដោយសារ៖

១. រឹង​​ថ្អឹង​​មិន​​កែ​​ប្រែ​​តាម​កាលៈទេសៈ

ធម្មតាតា អ្នកចង់បើកការរកស៊ីមួយឱ្យជោគជ័យ មិនមែនធ្វើដដែលទេ។ កាលពីឆ្នាំ២០០០ផ្សេង បើនៅតែលក់របស់ដដែលៗ ការតុបតែងដដែលៗ វាអត់មានអីចំណេញទេ។ ដាច់ខាត យើងត្រូវតែដើរឱ្យទាន់សម័យកាល និងតម្រូវការរបស់អតិថិជន។ ថាតើគេត្រូវការអី ? គេដើរដ​ល់ណា​ហើយ? ខួក្បាលត្រូវប្រែប្រួលតាមកាលៈទេសៈ​ ជាពិសេសគឺទីផ្សារតែម្តង។

២. មិន​​កំណត់​​ទិស​​ដៅ​​ដែល​​ត្រូវ​​ដើរ​ទៅ​មុខ

មនុស្សបរាជ័យធ្វើអីក៏ដោយកម្រមានផែនការ មានគម្រោងណាស់ នឹកថាចង់ធ្វើ ធ្វើភ្លាម។ ហើយចាប់ផ្តើមធ្វើទាំងមិនដឹងថាខ្លួនត្រូវទៅណា? ធ្វើដើម្បីអី? មានចក្ខុវិស័យយ៉ាងម៉េចក៏អត់ដឹងទៀត។ បើអត់ដឹងទិសដៅថា រកស៊ីមុខរបរអី? ហើយហេតុអី បានបើករកស៊ីមុខរបរនឹង? ហើយសំឡឹងឃើញថា អនាគតរបររកស៊ីនឹង វាក្លាយជាទីផ្សារធំអត់ ពេលអនាគត? បើអត់ដឹងទិសដៅចំណុចទាំងនេះទេ វាជាគ្រឹះសម្រាប់បរាជ័យទាំងស្រុង។

៣.មិន​​តាម​​ដាន​​ការងារ

ការងារដាច់ខាតត្រូវតែតាមដាន។ យើងមិនអាចទុកចិត្តតែលើបុគ្គលិកទេ ទោះជាយើងមានប្រព័ន្ធការងារហើយក៏ដោយ។ មិនមែនបុគ្គលិកទាំងអស់សុទ្ធតែមានចិត្តដូចយើងទេ។ គេគ្រាន់តែមកធ្វើការសម្រាប់ប្រាក់ខែធម្មតាទេ។ គាត់មិនមែនជាម្ចាស់ក្រុមហ៊ុន មិនមែនជាអ្នកគ្រប់គ្រង។ ដូច្នេះត្រូវតែតាមដានកាងារ ព្រោះជាអាចថា មានការងារណាមួយ ជាប់គាំង។ចឹង! យើងដោះស្រាយភ្លាមៗ កុំទុកយូររហូតក្លាយជារឿងធំ។ អ្នកគ្រប់គ្រងគេ ត្រូវតែដឹង គ្រប់ជំពូកអញ្ចឹងហើយ។

ហើយបើយើងប្រែតែមាត់ អត់តាមដាន អត់សួរនាំ អត់ដោះស្រាយ។ ការងារនេះ អត់យូរទេ និងដួលដោយឯកឯងជាមិនខាន៕